អំពីវិស័យអប់រំនៅប្រទេសជប៉ុន

អំពីវិស័យអប់រំនៅប្រទេសជប៉ុន

ជប៉ុនត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមានប្រព័ន្ធអប់រំល្អនៅលើលោក។ នៅក្នុងការប្រកួតប្រជែងគណិតវិទ្យាជាអន្តរជាតិ សិស្សជប៉ុនតែងតែជាប់ចំណាត់ថ្នាក់លើៗគេ។ ការគ្រប់គ្រង់វិស័យអប់រំជាភារកិច្ចរបស់ក្រសួងអប់រំ វប្បធម៏ កីឡា វិទ្យាសាស្ត្រ ជប៉ុន។ 

នៅប្រទេសជប៉ុនគេបង្កើតអោយមានសាលាមុនបឋមសិក្សាសំរាប់ក្មេងៗចាប់ពីអាយុ៣ឆ្នាំ។ ការអប់រំជាចាំបាច់ ចាប់ផ្ដើមនៅអាយុ៦ឆ្នាំ ដោយក្មេងៗចូលរៀននៅបឋមសិក្សារយះពេល៦ឆ្នាំ និង នៅអនុវិទ្យាល័យរយ:ពេល៣ឆ្នាំ។ សិស្សានុសិស្សដែលមានបំណងបន្តការសិក្សាត្រូវធ្វើការប្រលង រួចចូលរៀនវិទ្យាល័យរយ:ពេល៣ឆ្នាំ  មហាវិទ្យាល័យរយ:ពេល៤ឆ្នាំ (២ឆ្នាំសម្រាប់មហាវិទ្យាល័យវគ្គខ្លី) និង ថ្នាក់ក្រោយឧត្តមរយ:ពេល៥ឆ្នាំ។

បវេសនកាលចាប់ផ្ដើមនៅខែមេសា និងចប់នៅខែមិនាឆ្នាំបន្ទាប់។ ឆ្នាំសិស្សាចែកចេញជា៣ចតុមាស(២ឆមាស សម្រាប់មហាវិទ្យាល័យ) ដោយនៅចន្លោះរវាងចតុមាសនីមួយៗ មានវិស្សមកាលរដូវក្តៅ (ជាទូទៅរយះពេល៦សប្ដាហ៍)វិស្សមកាលរដូវរងារ(ជាទូទៅរយះពេល២សប្ដាហ៍)និងវិស្សមកាលរដូវផ្ការីក(ជាទូទៅរយះពេល៣សប្ដាហ៍)។ ស្ថាប័នអប់រំចែកចេញជា៣ផ្នែកធំៗអាស្រ័យតាមអ្នកគ្រប់គ្រងគឺរដ្ឋសាធារណ:(ខេត្តឬសង្គមស៊ីវិល)និង ឯកជន។

កាត្វកិច្ចអប់រំនៅប្រទេសជប៉ុនមានរយះពេល៩ឆ្នាំ។ ការអប់រំនៅក្នុងរយ:ពេលនេះ (បូករួមទាំងសៀវភៅសិក្សា)ត្រូវបានផ្ដល់ដោយឥតគិតថ្លៃ។ សិស្សានុសិស្សត្រូវបង់ការចំណាយផ្សេងៗទៀតរួមមានសំភារ:សិក្សាបន្ថែម និងដំណើរកំសាន្តចាត់ចែងដោយសាលា ដោយខ្លួនសិស្សផ្ទាល់។ នៅពេលបញ្ចប់ការសិក្សាជាកាតព្វកិច្ចសិស្សានុសិស្សអាចជ្រើសរើសបន្តរការសិក្សាទៅវិទ្យាល័យបើពួកគេចង់។

១. មត្តេយ្យ

ការសិក្សាពីកុមារភាពចាប់ផ្ដើមនៅតាមផ្ទះរៀងៗខ្លួន។ មានសៀវភៅនិងកម្មវិធីទូរទស្សន៍ជាច្រើនត្រូវបានបង្កើតដើម្បីជួយអោយមាតាបិតាអប់រំកូនមុនចូលសាលា។ ការអប់រំនៅតាមផ្ទះនេះមានគោលបំណងក្នុងការអប់រំពី សិលធម៍ សុជីវធម៍ លេខជាដើម។ មាតាបិតាមានការយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះការអប់រំមុនចូលសាលាបឋមសិក្សានេះ ហើយពួកគេតែងតែចុះឈ្មោះកូនអោយចូលរៀននៅសាលាមត្តេយ្យ។

សាលាមត្តេយ្យត្រូវបានត្រួតពិនិត្យដោយក្រសួងអប់រំ និងមិនមែនជាផ្នែករបស់ប្រព័ន្ធអប់រំផ្លូវការទេ។ សាលាមត្តេយ្យ៥៨%ជាសាលាឯកជន និង មានសិស្ស៧៧%ចុះឈ្មោះចូលរៀន។ គ្រូនៅសាលាមត្តេយ្យភាគច្រើនៗដែលជានារីក្មេងៗដែលចប់ការសិក្សាពីមហាវិទ្យាល័យវគ្គខ្លី។ក្រៅពីសាលាមត្តេយ្យ នៅមានមជ្ឈមណ្ដលថែទាំកុមារពេលថ្ងៃ ដែលត្រូវបានគ្រប់គ្រង់យ៉ាងល្អពីក្រសួងការងារ។ ខុសពីសាលាមត្តេយ្យ ដែលមានគោលដៅចំបងក្នុងការអប់រំ គោលដៅចំបងរបស់មជ្ឈមណ្ឌលនេះគឺផ្ដល់ការថែទាំដល់កុមារ។

២. បឋមសិក្សា

នៅប្រទេសជប៉ុនមានក្មេង៩៩%ចុះឈ្មោះចូលរៀនថ្នាក់ទី១ នៅអាយុ៦ឆ្នាំ។ ការចូលរៀនដំបូងត្រូវបានគេចាត់ទុកជាព្រឹត្តិការដ៏សំខាន់នៅក្នុងជីវិតកុមារភាព។ ការសិក្សានៅបឋមដ្ឋានភាគច្រើនលើសលុបធ្វើឡើងនៅសាលារដ្ឋ។ មានសាលាបឋមសិក្សាឯកជនតែ១%ប៉ុណ្ណោះនៅប្រទេសជប៉ុន។

៣. អនុវិទ្យាល័យ

ក្មេងៗពីអាយុ១២ ទៅ ១៥ ឆ្នាំ ចូលរៀននៅអនុវិទ្យាល័យថ្នាក់ទី ៧ ៨ និង ៩។ គ្រូបង្រៀននៅអនុវិទ្យាល័យមានជំនាញតាមមុខវិជ្ជារបស់ពួកគេ ហើយ៨០ភាគរយក្នុងចំណោមនោះបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ ថ្នាក់រៀនមានទំហំធំ ដោយមានសិស្សមធ្យម៣៨នាក់ក្នុងមួយថ្នាក់។ តាមថ្នាក់នីមួយៗមានគ្រូម្នាក់ត្រូវបានចាត់តាំងជាគ្រូបន្ទុកថ្នាក់ និងធ្វើជាទីប្រឹក្សាសិស្សផងដែរ។ ខុសពីនៅបឋមសិក្សា សិស្សអនុវិទ្យាល័យនៅអនុវិទ្យាល័យមានគ្រូខុសៗជំនាញគ្នាតាមមុខវិជ្ជានីមួយៗ។ គ្រូចល័តពីថ្នាក់មួយទៅថ្នាក់មួយនៅចុងសេអង់ ១សេអង់មានរយះពេល៥០នាទី (នៅខ្មែមាន៤៥នាទី)។វិធីសាស្ត្របង្រៀននៅអនុវិទ្យាល័យធ្វើឡើងដោយគ្រូសរសេរមេរៀននៅលើក្ដារខៀន ឯសិស្សនៅចាំចំលងចូលសៀវភៅសរសេរ។ គ្រូក៏ប្រើប្រាស់មេឌារមានទូរទស្សន៍និងវិទ្យុក្នុងការបង្រៀនដែរ។ មកទល់និងពេលនេះសាលាអនុវិទ្យាល័យស្ទើរតែទាំងអស់មានបំពាក់កុំព្យូទ័រ។មុខវិជ្ជាបង្រៀននៅអនុវិទ្យាល័យមាន ភាសាជប៉ុន សិក្សាសង្គម គណិតវិទ្យា វិទ្យាសាស្ត្រ តន្រ្តី វិចិត្រសិល្ប: អប់រំកាយ និងសុខភាព និង ភាសាបរទេស (ជាទូទៅភាសាអង់គ្លេស)។ សិស្សានុសិស្សទាំងឡាយតែងតែចូលរួមក្នុងក្លឹបក្រៅម៉ោងសិក្សា (ក្លឹបកីឡា និង ក្លឹបសិល្ប:) ដែលតំរូវអោយពួកគេចំនាយពេលនៅសាលារហូតដល់ម៉ោង៦ល្ងាចទាំងនៅថ្ងៃធម្មតា និង ថ្ងៃចុងសប្ដាហ៍ផងដែរ។ សិស្សនៅអនុវិទ្យាតែងទៅរៀន ជីគិ (នៅខ្មែរគេហៅថារៀនគួរ) នៅតាមសាលាបំប៉នឯកជន នាពេលល្ងាច និង ចុងសប្ដាហ៍។ក្រសួងអប់រំគាំទ្រអោយមានការជំរុញការបង្រៀនភាសាបរទេសជាពិសេសភាសាអង់គ្លេស។ ដើម្បីជំរុញការបង្រៀនភាសារអង់គ្លេសសំរាប់ការអញ្ជើញជនជាតិនិយាយភាសារកំណើតអោយមកប្រទេសជប៉ុន ដើម្បីបំរើការងារជាជំនួយការគ្រប់គ្រងសាលា និង ខេត្ត ក្រោមកម្មវិធីមួយដែលមានឈ្មោះថា Japan Exchange and Teaching Program។

៤. វិទ្យាល័យ

ទោះបីជាការសិក្សានៅវិទ្យាល័យមិនស្ថិតក្នុងកាតព្វកិច្ចអប់រំនៅជប៉ុនក៏ដោយ ក៏គេឃើញមានសិស្សបញ្ជប់អនុវិទ្យាល័យ៩៩%ចុះឈ្មោះចូលរៀននៅវិទ្យាល័យ (ស្ថិតិ២០០៥)។ សាលាឯកជនមានចំនួន៥៥%ច្រើនជាងសាលារដ្ឋ។ ទាំងសាលារដ្ឋនិងឯកជនសុទ្ធតែត្រូវបង់ថ្លៃ។ ការប៉ាន់ប្រមាណរបស់ក្រសួងអប់រំ ការចំណាយសំរាប់សិស្សវិទ្យាល័យម្នាក់ក្នុង១ឆ្នាំគឺ៣០០ ០០០យ៉េន (ជាង២០០០ដុល្លា) សំរាប់សាលារដ្ឋ និង២ដងសំរាប់សាលាឯកជន។

សាលាវិទ្យាល័យភាគច្រើនជាសាលាពេញម៉ោង និង ផ្ដល់នៅកម្មវិធីសិក្សាទូទៅ (ដែលមានមុខវិជ្ជាគ្រឺះចាំបាច់សំរាប់បន្តការសិក្សានៅមហាវិទ្យាល័យ) និង កម្មវិធីសិក្សាជំនាញបច្ចេកទេស (សំរាប់សិស្សដែលចង់ធ្វើការបន្ទាប់ពីរៀនចប់)។ មានសាលាមួយចំនួនតូចដែលផ្ដល់នៅកម្មវិធីសិក្សាក្រៅម៉ោង។សិស្សថ្នាក់ទី១០ នៅក្នុងកម្មវិធីសិក្សាទាំង២ រៀនមុខវិជ្ជាស្រដៀងគ្នា។ មុខវិជ្ជាទាំងនោះជាមុខវិជ្ជាគ្រឹះមានភាសាជប៉ុន ភាសាអង់គ្លេស គណិតវិទ្យា និង វិទ្យាសាស្ត្រ។ នៅថ្នាក់ទី១១ឡើងទៅ ពួកគេមានលទ្ធភាពជ្រើសរើសមុខវិជ្ជាសិក្សាតាមចំនូលចិត្តរបស់ពួកគេ។ កម្មវិធីសិក្សាបច្ចេកទេសបញ្ចូលមុខវិជ្ជាបច្ចេកទេសរាប់រយមាន ពត៌មានវិទ្យា នាវាចរ កសិកម្ម ភាសាអង់គ្លេសសំរាប់ពាណិជ្ជកម្ម សេរ៉ាមិកជាដើម។ គ្រូវិទ្យាល័យភាគច្រើនបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ វិទ្យាល័យមានដេប៉ាតឺម៉ង់ផ្សេងៗតាមជំនាញឯកទេសរបស់គ្រូ។ការអប់រំសំរាប់សិស្សពិការនៅវិទ្យាល័យ ផ្តោតសំខាន់ទៅលើជំនាញនានា ដើម្បីអោយពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរស់នៅដោយខ្លួនឯងក្នុងសង្គម។ ជំនាញទាំងនោះត្រូវបានពិចារណាតាមកំរិតពិការរបស់ពួកគេ។ រដ្ឋាភិបាលធ្វើការប្រឹងប្រែងក្នុងការបង្កើនជំរើសសំរាប់ពួកគេ ដោយជំរុញអោយស្ថាប័នឧត្តមសិក្សាអនុញ្ញាតិអោយសិស្សពិការចូលរៀនបាន។

៥. មហាវិទ្យាល័យ

គ្រឹះស្ថានឧត្តមសិក្សាផ្ដល់ការអប់រំថ្នាក់បរិញ្ញាប័ត្រទូទៅរយះពេល៤ឆ្នាំ។ មុខវិជ្ជាពេញនិយមនៅមហាវិទញយាល័យមាន វិទ្យាសាស្ត្រសង្គម (ពាណិជ្ជកម្ម និតិសាស្ត្រ និង គណនី) វិស្វករ មនុស្សសាស្ត្រ និងគរុកោសល្យ។ ការចំណាយជាមធ្យមនៅមហាវិទ្យាល័យ ថ្លៃសាលា និង ហូបចុក) ក្នុងមួយឆ្នាំ១ ៤លានយ៉េន (១០០០០ដុល្លា) (ស្ថិតិ១៩៨៩) ដើម្បីផ្គត់ផ្គង់ការចំណាយទាំងនេះនិស្សិតទាំងឡាយតែងតែចេញទៅធ្វើការក្រៅម៉ោង ឬ ខ្ចីប្រាក់ពី សមាគមន៍អាហារូបករណ៍ជប៉ុន ដែលជាសមាគមន៍គាំទ្រដោយរដ្ឋាភិបាលជប៉ុន។ ជំនួយក៏អាចទទួលបានពីរដ្ឋាភិបាលតំបន់ សហគ្រាសនិង ស្ថាប័ននានាផងដែរ។ សកលវិទ្យាល័យដែលមានឈ្មោះល្បីនៅប្រទេសជប៉ុនមាន សកលវិទ្យាល័យតូក្យូ សកលវិទ្យាល័យក្យូតុ។

ប្រភព៖ អរិយធម៌ប្រទេសជប៉ុន

https://khmerdeng.com/study-at-japan/

 

Share :

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again