ដើមកំណើតនិងទំនៀមទម្លាប់នៃពិធីបុណ្យភ្ជុំបិណ្ឌ

ដើមកំណើតនិងទំនៀមទម្លាប់នៃពិធីបុណ្យភ្ជុំបិណ្ឌ

ភ្ជុំបិណ្ឌគឺជាពិធីបុណ្យ ដែលប្រជាពលរដ្ឋខ្មែរចាត់ទុកថាធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈ១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥ រោជខែភទ្របទ្រ ។

ពីថ្ងៃមួយរោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ  ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។

បិណ្ឌ មានន័យថា ដុំបាយ ឬពំនូតបាយតូចៗ ដែលគេដាំពីអង្ករដំណើប ឬអង្ករខ្សាយ មានលាយសណ្តែកក្រហម សណ្តែកស ឬសណ្តែកខ្មៅ ទៅតាមតំបន់ ឬអ្នកនិយម ហើយគេពូតជាដុំតូចៗ សម្រាប់បោះនៅតាមកៀនព្រះវិហារនៅពេលយប់ ដែលគេជឿថា ប្រេត ឬអសុរកាយ នឹងមកទទួលនៅទីនោះ។ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំ មិនដែលខាន តាំងពីបុរាណកាលមក ប៉ុន្តែពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យដទៃទៀតដែរ មិនត្រូវរដ្ឋាភិបាល នៃរបបកម្ពុជា ប្រជាធិបតេយ្យ អនុញ្ញាតឲ្យប្រារព្ធធ្វើឡើយ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។ ប៉ុន្តែ ក្រោយពីរបបខ្មែរក្រហមដួលរលំទៅវិញ ទើបរដ្ឋាភិបាលថ្មី អនុញ្ញាតឲ្យប្រារព្ធធ្វើតាមទំនៀមទម្លាប់ ប្រពៃណីឡើងវិញ។

ឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា  ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ។ក្បួនច្បាប់នៃពិធីបុណ្យ បញ្ជាក់ថា ប្រេតចែកចេញជា៤ពួក គឺប្រេត ដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រេតដែលស្រែកឃ្លានជានិច្ច ប្រេតដែលភ្លើងឆេះជានិច្ច និងប្រេតដែលរស់ដោយសារ អ្នកដទៃឧទ្ទិសកុសលឲ្យ។ ប្រជាពលរដ្ឋមានជំនឿថា អ្នកមានគុណ បុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅ មិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេតនោះ  នឹងឡើងមកទទួលកុសលផលបុណ្យនេះ ពីពួកគេនៅពេលពពួកប្រេតទាំង នេះ ត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃ។រយៈពេល១៥ថ្ងៃនេះ ពពួកប្រែតទាំងអស់ បានស្វែងរកការឧទ្ទិសមគ្គផលឲ្យពីសាច់ញាតិ នៅគ្រប់វត្តទាំងអស់។ ប្រសិនបើអំឡុងពេល៧ថ្ងៃ ប្រែតដើររកគម្រប់៧វត្ត ហើយនៅតែមិនឃើញសាច់ញាតិ ឬកូនចៅណាធ្វើបាយសម្លទៅប្រគេនព្រះសង្ឃនៅវត្ត ដើម្បីឧទ្ទិសកុសលដល់ពួកគេទេ ប្រេតទាំងនេះនឹងដាក់បណ្តាសារនូវទំនាយផ្សេងៗ។គេជឿទៀតថា ពពួកប្រេតទាំងអស់ សុទ្ធតែខ្លាចពន្លឺថ្ងៃ និង ប្រេតក្រីក្រខ្លះ គ្មានសម្លៀកបំពាក់ នឹងមិនហ៊ានចេញមកទទួលមគ្គផលពីកូនចៅដោយចំហរឡើយ ដូច្នេះហើយ ទើបដូនតាតម្រូវឲ្យកូនចៅទាំងអស់ ត្រូវទៅបោះបាយបិណ្ឌនៅរៀងរាល់វេលាយប់ ចាប់ពីម៉ោង២ រំលងអាធ្រាត្រ រហូតដល់ម៉ោង៥ទាបភ្លឺ។ ក្រៅពីនេះ ប្រជាពលរដ្ឋកម្ពុជា ដែលកាន់ព្រះពុទ្ធសាសនាទាំងអស់ ត្រូវតែធ្វើម្ហូបអាហារ នំចំណី យកទៅប្រគេនព្រះសង្ឃ ដែលគង់ចាំត្រីមាសក្នុងវត្តដើម្បីជូនមគ្គផលដល់អ្នកស្លាប់ផងដែរ។

ពាក្យក្រើនរំលឹកក្នុងពិធីបុណ្យនេះ ដើម្បីបានពរជ័យពីអ្នកស្លាប់ទៅ ដូចជាឪពុកម្តាយ ឬអ្នកមានគុណទាំងឡាយដទៃទៀត កូនចៅទាំងអស់ នៃបុព្វការីជន យ៉ាងហោចណាស់ រយៈពេលមួយឆ្នាំ នៃពិធីបុពណ្យនេះ ត្រូវទៅវត្តឲ្យបានមួយដង ឬទៅបោះបាយបិណ្ឌឲ្យបានមួយវត្តជាកំហិត ។ ទោះបីជាប្រជាពលរដ្ឋខ្មែរ ត្រូវបានគេរកឃើញថា មានជាង៨០ភាគរយ កាន់ព្រះពុទ្ធសាសនា ក្តី តែក្នុងចំណោមពលរដ្ឋទាំងនេះ មានមួយចំនួនតូច នៅមិនទាន់យល់ឲ្យស៊ីជម្រៅពីពិធីបុណ្យប្រពៃណី និងសាសនា ដ៏ធំមួយនេះនៅឡើយទេ។

កាលពីបរមបុរាណកាល(ពុទ្ធកាល)មក គេនិយមប្រារព្ធពិធីបុណ្យនេះ រយៈពេលបីខ្មែរ គឺចាប់ពីថ្ងៃចូលព្រះវស្សាមក តែក្រោយមក ចាស់ទុំបុរាណខ្មែរ ជាពិសេសព្រះបាទអង្គដួង ដោយឈ្វេងយល់ថា ការរកចង្ហាន់របស់ប្រជារាស្ត្រ មកប្រគេនព្រះសង្ឃមានការលំបាក និងមិនសូវបានល្អ  ព្រះអង្គបានកាត់បន្ថយមកត្រឹម១៥ថ្ងៃវិញ ៕

ប្រភព : https://thmeythmey.com/?page=detail&id=56456

រៀបរៀងដោយបុគ្គលិកភាសាជប៉ុនមិរ៉ៃ

Share :

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again