Former farmer Mr. Em Derpere struggled to become the principal of the Japanese language school

Former farmer Mr. Em Derpere struggled to become the principal of the Japanese language school

កើតមកជាកូនកសិករតស៊ូរៀនសូត្រយ៉ាងលំបាក រហូតដល់ក្លាយជាស្ថាបនិកសាលាភាសាជប៉ុននឹងកាន់កាប់ក្រុមហ៊ុនចំនួន៣ក្នុងដៃ។ យុវជនវ័យក្មេងដែលមានឆន្ទៈក្នុងការបំផុសគំនិតអប់រំដល់និស្សិតឱ្យក្លាយជាបុគ្គលមួយដែលមានតម្លៃនៅក្នុងសង្គមតាមរយៈការទទួលបានចំណេះដឹងរបស់ខ្លួន បានរៀបរាប់ដូច្នេះថា លោកជាបុគ្គលដែលតស៊ូតាំងពីកុមារភាព ដោយសារតែនៅក្នុងគ្រួសារជួបការលំបាកទីទាល់ក្រខ្លាំង ទើបធ្វើឱ្យបុគ្គលរូបនេះបានខិតខំប្រឹងប្រែង ឆ្លងកាត់គ្រប់ឧបសគ្គ ដោយមានគ្រប់រសជាតិនៃជីវិត។

ត្រឹមតែអាយុ២៨ឆ្នាំ តែយុវជនរូបនេះអាចមានសមត្ថភាពកាន់កាប់ក្រុមហ៊ុន៣ទៅហើយ ការដែលលោកព្យាយាមគ្រប់បែបយ៉ាងតាំងពីបាតដៃទទេ រហូតមកដល់ពេលមានបង្កើតបានសាលាបង្រៀនភាសាជប៉ុននិងក្រុមហ៊ុន២ផ្សេងទៀតដោយខ្លួនឯង។

លោក អ៉ឹម ឌឺប៉េរ៉េ ស្ថាបនិកសាលាបង្រៀនភាសាជប៉ុន មិរ៉ៃ បានផ្តល់កិច្ចសម្ភាសន៍ជាមួយ Business Cambodia ឱ្យដឹងថា រូបលោកជាកូនកសិករ ដែលមានដើមកំណើតនៅក្នុង ភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។ ដែលតំបន់នោះគឺជា អតីតសមរភូមិ ដែលបានបន្សល់ទុកនូវគ្រាប់បែក ក៏ដូចជាគ្រាប់មីន ដែលមិនទាន់ផ្ទុះជាច្រើន ។ ចំពោះអ្នកស្រុកនៅទីនោះ ភាគច្រើនប្រកបរបរជាកសិករ និងជាអ្នកតស៊ូខ្លាំង ដោយសារតែចង់ឱ្យកូនៗទទួលបានចំណេះ និងមានការអប់រំខ្ពង់ខ្ពស់ផងដែរ។     

លោកបានបន្តថា កាលនោះគឺសាលារៀននៅឆ្ងាយពីភូមិដែលគាត់រស់នៅខ្លាំងមែនទែន ដោយធ្វើដំណើរទៅវិញ-មក មានចម្ងាយប្រហែល ១៦គ.ម ដោយជិះកង់ទម្រាំដល់សាលារៀនគឺ ត្រូវចំណាយពេល២ម៉ោងឯណោះ។ តស៊ូរៀនរហូតដល់ថ្នាក់ទី៩ លោកក៏បានទទួលជំនួយពីជប៉ុនដែលមកធ្វើការដោះមីនក្នុងភូមិគាត់ ដោយជនជាតិជប៉ុននោះមានឈ្មោះថា តាកា យ៉ាម៉ាក់ ដែលជាស្ថាបនិកដោះមីន ដោយសារតែសាលារៀននៅឆ្ងាយពីភូមិខ្លាំងពេក ទើបធ្វើឱ្យលោកជនជាតិជប៉ុននោះបានព្យាយាម កសាងសាលារៀនសម្រាប់ឱ្យលោក និងក្មេងៗនៅទីនោះបានរៀននិងបានបង្កើតរោងចក្រ ដើម្បីឱ្យអ្នកភូមិមានការងារធ្វើ កុំឱ្យចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ ទង្វើល្អរបស់ជនជាតិជប៉ុនបែបនេះហើយ ទើបធ្វើឱ្យលោកដឹងគុណ នឹងមានចិត្តចង់រៀនភាសាជប៉ុន។ ក្រោយមកនៅក្នុងឆ្នាំ២០១១ លោកក៏បានរៀនបញ្ចប់ថ្នាក់វិទ្យាល័យ បូករួមនឹងចេះភាសាជប៉ុនដែរនោះ លោកក៏បានដាក់ពាក្យយកអាហារូបករណ៍ ដើម្បីបន្តមករៀននៅសាកវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ទាប់មកលោកក៏ប្រលងជាប់ នឹងទទួលបានអាហារូបករណ៍ មករៀននៅភ្នំពេញ ពេលនោះគឺជីវភាពនៅក្នុងគ្រួសាររបស់គាត់មានការលំបាកខ្លាំង ដោយបងប្អូនរៀនទាំងអស់គ្នា ធ្វើឱ្យម្តាយឳពុកលោកមិនមានលុយបញ្ចូនលោកមករៀននៅភ្នំពេញ ប៉ុន្តែលោកនៅតែជំនះគ្រប់ឧបសគ្គ ដើម្បីមករៀនបន្តនៅភ្នំពេញ។ កាលដែលលោកមករៀនភាសាជប៉ុននៅភ្នំពេញគឺគ្មានបំណងថាចង់ទៅរៀនបន្តនៅប្រទេសជប៉ុននោះទេ គ្រាន់តែការចាកចេញពីស្រុកកំណើតនឹងធ្វើយ៉ាងមិចឱ្យមានផ្លែផ្កាទៅដល់គ្រួសារ ព្រោះដោយសារតែការលះបង់របស់ឳពុកម្តាយគឺច្រើនមែនទែន។ 

ហើយងាកមកមើលអ្នកដែលមករៀនជំនាន់ជាមួយគ្នាវិញ គឺភាគច្រើនតស៊ូអត់បាន រៀនអត់ចប់ក៏ត្រឡប់ទៅធ្វើចំការនៅឯស្រុកកំណើតវិញ។ ដោយមើលឃើញសភាពបែបនេះហើយ ទើបធ្វើឱ្យលោកសួរមកខ្លួនឯងថា “ហេ! មិចនឹងអាចត្រឡប់ទៅធ្វើចំការវិញកើតទៅ បើយើងខំប្រឹងប្រែង តស៊ូ មកដល់កន្លែងនេះហើយ”  គិតបែបនេះហើយលោកក៏បានបន្តរៀនរហូតដល់ឆ្នាំទី៣ ក្នុងឆ្នាំ ២០១៣ លោកក៏បានជាប់ឈ្មោះជាអ្នកតំណាងប្រទេសកម្ពុជា ទៅផ្លាស់ប្តូរវប្បធម៌នៅទីក្រុង អូសាកា ប្រទេសជប៉ុន ដោយគ្រានោះក៏មានទូរទស្សន៍ជាតិ នឹងមិត្តភក្តិមួយរូបទៅជាមួយលោកផងដែរ នឹងមានការចូលរួមពីប្រទេសជាច្រើនដូចជា ប្រទេសថៃ,វៀតណាត,ឡាវ,មីយ៉ាន់ម៉ា,ឥណ្ឌូនេស៊ី។ល។ ដោយកាលនោះលោកបានបង្ហាញពីវប្បធម៌ដែលកម្ពុជាមាន ណាមួយលោកក៏ជាអ្នកឆ្អិនខាងប្រវត្តិសាស្រ្តផងដែរនោះ ក៏បង្ហាញ នឹងពន្យល់ដល់ប្រទេសជប៉ុន ក៏ដូចជាប្រទេសដទៃបានឃើញ ហើយធ្វើឱ្យប្រទេសទាំងនោះមានការភ្ញាក់ផ្អើល នឹងមានមោទកភាពចំពោះប្រទេសយើងមែនទែន។ 

បន្ទាប់មកវិលត្រឡប់មកវិញ លោកក៏បានបន្តទៅឆ្នាំទី៤ ដែលមុខជំនាញដែលលោករៀននោះគឺ Business Management ដោយបានបញ្ជប់ការសិក្សារនៅក្នុងឆ្នាំ២០១៤។ ហើយនៅក្នុងឆ្នាំ ២០១៥ លោកក៏បានទៅរៀនបន្តផ្នែក Business Management នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បន្ថែមទៀត ការដែលទៅប្រទេសគេបែបនេះធ្វើឱ្យលោកបានផ្លាស់ប្តូរ ផ្នត់គំនិតជាច្រើន នឹងយល់ដឹងពីការប្រាស្រ័យទាក់ទងគ្នាផងដែរ ក៏ដូចជាជំនួញផងដែរ។ 

ហើយអ្វីដែលលោកកាន់តែចាប់អារម្មណ៍ទៅលើប្រទេសជប៉ុននោះគឺសក្តានុពលលើវិស័យអប់រំ ហើយសាលាដែលគាត់រៀននៅទីក្រុងតូក្យូនោះគឺគ្មានជនជាតិខ្មែរឡើយ នៅពេលដែលលោកទៅធ្វើសៀវភៅស្នាក់នៅ ជនជាតិជប៉ុនក៏បានសួរថា តើប្រទេសខ្មែរនឹងនៅឯណា? លោកក៏បានបានប្រាប់វិញថា ស្គាល់អង្គរវត្តទេ? ពួកគេក៏ថាស្គាល់ តែមិនស្គាល់ប្រទេសខ្មែរ បែបនេះហើយទើបធ្វើឱ្យលោកដក់ជាប់ក្នុងចិត្តរហូត ហើយនឹងគិតថាថ្ងៃណាមួយនឹងធ្វើឱ្យគេបានស្គាល់ប្រទេសខ្មែរកាន់តែច្រើន នឹងឱ្យជនជាតិទាំងនោះស្គាល់ថា ជនជាតិខ្មែរមានសម្ថភាពខ្លាំងប៉ុណ្ណា។ 

កាលដែលរៀននៅទីនោះ គឺលោកក៏បានចូលធ្វើការនៅហាងកាហ្វេមួយកន្លែង កាលដែរលោកធ្វើការនៅទីនោះគឺលោកទទួលការមើលងាយពីសំណាក់មិត្តរួមការងារច្រើន ដោយសារតែភាពអំណត់ អត់ធ្មត់របស់លោកធ្វើឱ្យមនុស្សនៅក្នុងហាងកាហ្វេជាច្រើនស្គាល់លោក។ នៅក្នុងឆ្នាំ២០១៧ គឺរយៈពេល២ឆ្នាំ ដែលលោកបានរៀន នឹងធ្វើការនៅទីនោះ ហើយថ្ងៃចុងក្រោយដែលលោកធ្វើការនៅទីនោះ គឺមានបណ្តាំ ក៏ដូចជាការអបអរសាទរជាច្រើន ជាពិសេសម្ចាស់ហាងរបស់គាត់បានប្រាប់គាត់ថា “បើមានជនជាតិខ្មែរចង់មកធ្វើការនៅទីនេះ គឺលោកអាចណែនាំមកបាន” លឺបែបនេះធ្វើឱ្យគាត់មានមោទកភាពសម្រាប់ខ្លួនឯង ព្រោះលោកបានបន្សល់ទុកនៅគំរូល្អៗជាច្រើន ហើយលោកក៏មានចិត្តគិតថាពេលទៅខ្មែរវិញ លោកនឹងបើកសាលបង្រៀនភាសាជប៉ុនឱ្យបាន។ ពេលដែលគាត់មកដល់ខ្មែរវិញ ក៏បានព្យាយាមស្វែករកដៃគូរសហការ ក្នុងការបើកសាលាបង្រៀន ប៉ុន្តែគ្មានអ្នកណាគាំទ្រនោះ ដោយគេគិតថា បែបទៅមិនរួចទេ មិនដែលមានអ្នកណាមកពីរៀនចប់នៅជប៉ុនភ្លាមចង់បើកសាលាបង្រៀនភ្លាមនោះទេ។ 

ក្នុងរយៈពេលជិត១ឆ្នាំ ដែលលោកបានចំណាយពេលរៀនមើល នឹងសិក្សាពីស្ថាប័នផ្សេងៗ រហូតដល់ឆ្នាំ២០១៨ នៅក្នុងខែកក្កដា លោកបានបង្កើតសាលាបង្រៀនមួយដែលដាក់ឈ្មោះថា មិរ៉ៃ ដែលមានន័យថា (អនាគត) ដែលនេះជាផ្នត់គំនិតរបស់លោកមានតាំងពីយូរមកហើយ ដែលចង់នាំនិស្សិតចេញទៅក្រៅឱ្យបានច្រើន ដើម្បីផ្លាស់ប្តូរបទពិសោធន៍នៃជីវិតដូចរូបលោក។ បន្ទាប់ពីលោកបានចុះទៅ តាមខេត្តជាច្រើន នៃវិទ្យាល័យនីមួយៗ ទូទាំងប្រទេស ដើម្បីពន្យល់ អប់រំ និងបណ្តុះមនសិកាបន្ថែមដល់សិស្សនីមួយៗ និងមានការផ្តល់ជាអាហារូបករណ៍ដោយរៀនមិនអស់លុយថែមទៀតផង ។ កាលដែលគាត់ផ្តល់អាហារូបករណ៍បែបនេះ ពីព្រោះនៅពេលដែលគាត់ចុះទៅសម្ភាសន៍សិស្ស ហើយនៅពេលដែលសួរទៅសិស្សហ្នឹងថា តើឳពុកម្តាយប្អូនធ្វើអី? ហើយពេលរៀនចប់ចង់ធ្វើអី? សិស្សនោះឆ្លើយថា ឳពុកម្តាយស្លាប់ចោលអស់ហើយ រៀនចប់ធ្វើការនៅប្រទេសថៃ ដល់ដែលឃើញសភាពបែបនេះ គឺជាមនុស្សដែលគាត់ត្រូវតែយក ជាមនុស្សដែលលោកត្រូវតែជួយគាត់ ដោយគាត់យកនៅសាលា សូម្បីតែថ្លៃផ្ទះ និងថ្លៃសាលាក៏មិនឱ្យពួកគាត់បង់ ហើយការដែលធ្វើបែបនេះគឺដោយសារតែលោកធ្លាប់ក្រ ធ្លាប់អត់ ទើបលោកយល់ថា ការដែលចង់រៀននោះគឺលំបាកប៉ុណ្ណា។

លោកបានបន្តថា សាលារៀន មិរ៉ៃ បានធ្វើសកម្មភាពជាច្រើនអំពីការអប់រំ ហើយនាពេលបច្ចុប្បន្ននេះ សាលា មិរ៉ៃ មានសិស្សកំពុងសិក្សាចំនួន៣០០នាក់ និង៦នាក់ផ្សេងទៀតកំពុងតែបន្តការសិក្សានៅឯប្រទេសជប៉ុន ទៅតាមទីក្រុងនីមួយៗ ហើយរាល់ការចំណាយគឺសាលា មិរ៉ៃ ជាអ្នករ៉ាប់រងទាំងអស់។ ហើយលោកបានបន្តថា មនុស្សដែលគាត់បណ្តុះបណ្តាលគឺត្រូវតែមានឆន្ទៈ មនសិការ ស្រដៀងគាត់ ព្យាយាម គ្រប់គ្រងពួកគេឱ្យមានក្តីស្រមៃថា ពេលដែលរៀនចេះ មានចំណេះ មានជំនាញយកវាមកធ្វើជាផលប្រយោជន៍រួម ដោយធ្វើការចែករំលែកទៅកាន់អ្នកដទៃបន្ថែមទៀតឱ្យបានច្រើន។ ហើយគោលដៅរបស់សាលា មិរ៉ៃ នៅតែបន្តសកម្មភាពជួយនិស្សិតជាច្រើនឱ្យពួកគាត់ផ្លាស់ប្តូការគិត ដោយរៀនដើម្បីជាផលប្រយោជន៍របស់សង្គម កុំរៀនដើម្បីតែជោគជ័យ ដើម្បីតែទ្រព្យសម្បត្តិឱ្យសោះ ។

អ្វីដែលជាឆន្ទៈដ៏មុតមាំរបស់លោក អ៊ឹ ឌឺប៉េរ៉េ ដែលជានាយកសាលា មិរ៉ៃ នេះគឺ 
តើអនាគតយុវជនជំនាន់ក្រោយអាចមានសង្ឃឹមដែរឬទេ?បើវិធីសាស្ត្រនិងវគ្គជោគជ័យនៅស្រុកយើងមានច្រើនជាងបណ្ណាល័យ និង ការអនុវត្តន៍ជាក់ស្តែងទៀត ?
ក្មេងៗជំនាន់ក្រោយមួយចំនួនខំបុកទៅចូលរៀនវគ្គជោគជ័យ ស្តាប់គេនិយាយពីរបៀបជោគជ័យ វិធីជោគជ័យ ចំណាយលុយចូលរៀនវគ្គជោគជ័យ ព្រោះចង់ជោគជ័យដូចគេដែរ...។

តើអ្វីដែលជាភាពជោគជ័យពិតប្រាកដទៅ?
គតិអប់រំទី១: បើអ្នកបង់លុយថ្លៃចូលរៀនវគ្គជោគជ័យអស់៥០០$ គួរយកវាទៅទិញសៀវភៅមួយក្បាលដែលមានចំណងជើងថា~~ខ្ញុំជាអ្នកណា ~~ហើយចំណាយពេលអានវាអោយចប់ទៅនោះអ្នកប្រាកដជាចំនេញបាន៤៩០$មិនខាន ។

គតិអប់រំទី២: គ្មានវិធីសាស្ត្រជោគជ័យមកពីគ្រូណាល្អប្រសើរជាងក្រៅពីស្គាល់ខ្លួនឯងច្បាស់នោះទេ .។ បើស្គាល់ខ្លួនឯងច្បាស់ដឹងពីទេពកោសល្យខ្លួនឯងច្បាស់ មានគោលដៅច្បាស់លាស់ ហើយការចូលរៀនវគ្គជោគជ័យដូចជាកម្មវិធីផឹកស្រារមួយពេលអញ្ចឹង ចង់ផឹកក៏បានចង់អត់ក៏បាន ព្រោះអ្នកអាចម្ចាស់ការលើខ្លួនឯងបាន។

លោកបានបន្តថា មកដល់សព្វថ្ងៃនេះគឺលោកមិនមែនជាអ្នកជោគជ័យនោះទេ បើសិនជាលោកមានគំនិតមួយចង់កើបលុយនោះលោកនឹងជោគជ័យ ប៉ុន្តែអ្វីដែលលោកមានគំនិតមួយនោះ គឺចង់ជួយ មានន័យថាយើកសាង Brand Name របស់យើងឱ្យល្បីមិនខ្វះទេអ្នកដែលចាំសហការ ជួយពីក្រោយនោះ។
ហើយអ្វីដែលជាចំណុចពិសេសរបស់សាលាបង្រៀនភាសាជប៉ុន មិរ៉ៃ នេះគឺមិនមានជនជាតិជប៉ុនមកបង្រៀននៅក្នុងសាលានេះ ដែលគ្រូបង្រៀនទាំងអស់គឺសុទ្ធជាជនជាតិខ្មែរ ដែលឆ្លងកាត់ពីការពណ្តុះមនសិការបស់គាត់ទាំងអស់ ហើយទស្សនៈបែបនេះ គឺជាឆន្ទៈរបស់លោកផ្ទាល់ ព្រោះលោកជឿថាកូនខ្មែរអាចធ្វើបាន។ លោកបានបន្ថែមថា ហេតុអ្វីយើងត្រូវឱ្យតម្លៃ និងលើកតម្កើនទៅលើជនជាតិគេខ្លាំងម្ល៉េះ? បើខ្មែរយើងមានសម្ថភាពធ្វើបានដូចគ្នាហ្នឹង? ណាមួយសាលា មិរ៉ៃ នេះគឺកូនខ្មែរជាអ្នកបង្កើតឡើង យើងត្រូវតែគាំទ្រអ្វីដែលជាស្នាដៃរបស់ខ្មែរយើង តែមិនថាតែសាលា មិរ៉ៃ ទេ សាលាផ្សេងក៏ឱ្យតែជាស្នាដៃដែលកូនខ្មែរជាអ្នកបង្កើតឡើង យើងនាំគ្នា ចូលរួមជួយគ្នា ចែករំលែកគ្នាគាំទ្រនៅអ្វីដែលជាស្នាដៃរបស់កូនខ្មែរ ដើម្បីភាពរីកចម្រើននៃសង្គមយើង៕ 

 

Share :

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again